គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ក្រុមហ៊ុនខនហ្វីរេលស្វាគមន៍រដ្ឋមន្រ្តីនៃអគ្គនាយកដ្ឋានគយចិន

កាលបរិច្ឆេទ: ០៨ មិថុនា ២០២៦ / កសិកម្ម / Author : ATH Sokren

ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី SUN Meijun រដ្ឋមន្រ្តីនៃអគ្គនាយកដ្ឋានគយចិន នៅរោងចក្រខនហ្វីរេល​ ចោមចៅកាលពីថ្ងៃទី៤ មិថុនា លោកឧកញ៉ាឱសថបណ្ឌិតហៃ​ លីអ៊ាង​ ដែលជាស្ថាបនិក និងជានាយកក្រុមហ៊ុនខនហ្វីរេល បានអះអាងថា៖ «ប្រសិនបើប្រទេសចិនអនុញ្ញាតជាផ្លូវការឱ្យយើងនាំចេញស្ករត្នោតទៅកាន់ទីផ្សាររបស់ខ្លួន នោះអត្រាកំណើនរបស់យើងនឹងកាន់តែរឹងមាំថែមទៀត»។

 ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះដែរ លោកស្រីរដ្ឋមន្រ្តីកោតសរសើរក្រុមហ៊ុនខនហ្វីរេលថា ជាក្រុមហ៊ុនក្នុងស្រុកដែលមានសមត្ថភាពអាចកែច្នៃផលិតផលកសិកម្មឱ្យទៅជាផលិតផលនាំចេញប្រកបដោយគុណភាពខ្ពស់។ លោកស្រីក៏បានលើកឡើងផងដែរពីផលិតផលមួយចំនួនរបស់ក្រុមហ៊ុនដូចជាម្រេចកំពតជាដើម ដែលត្រូវបាននាំចេញរួចទៅហើយទៅប្រទេសចិន ហើយលោកស្រីបានលើកទឹកចិត្តក្រុមហ៊ុនខនហ្វីរេលឱ្យបង្កើនការនាំចេញរបស់ខ្លួនថែមទៀត ដើម្បីចូលរួមចំណែកផ្គត់ផ្គង់ «ទីផ្សារដ៏ធំទូលាយ»នៃប្រទេសចិន។

 លោកស្រី SUN Meijun អមដំណើរដោយឯកឧត្តមឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ស្ថិតក្នុងបរិបទនេះ លោកស្រីក៏បានលើកទឹកចិត្តផងដែរដល់ឯកឧត្តមរដ្ឋមន្រ្តី និងភាគីពាក់ព័ន្ធទាំងអស់ឱ្យសហការផ្ទាល់ជាមួយភាគីចិនដើម្បីជំរុញឱ្យមានការនាំចេញផលិតផលថ្មីៗទៅកាន់ទីផ្សារប្រទេសចិន ដោយគោរពតាមតម្រូវការគុណភាព សុវត្ថិភាពផ្នែកសុខភាព និងបទដ្ឋានចំណីអាហារ។ ជាចុងក្រោយ លោកស្រីរដ្ឋមន្រ្តីសម្តែងក្តីសង្ឃឹមថា ផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលជាពិសេសគឺស្ករត្នោត និងស្ករសូកូឡានឹងអាចមានវត្តមាននៅលើទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗនេះ។

 លោកឧកញ៉ាឱសថបណ្ឌិតបានរម្លឹកថា​ ផលិតផលស្ករត្នោតរបស់ក្រុមហ៊ុនខនហ្វីរេលត្រូវបាននាំចេញរួចទៅហើយទៅកាន់ប្រទេសអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ប៉ុន្តែនៅមិនទាន់មានវត្តមាននៅលើទីផ្សារប្រទេសចិនជាផ្លូវការនៅឡើយទេ។ បច្ចុប្បន្ន ក្រុមហ៊ុននាំចេញស្ករត្នោតប្រមាណ៣០០តោនក្នុងមួយឆ្នាំ និងក្នុងពេលអនាគត ក្រុមហ៊ុនគ្រោងនាំចេញឱ្យបានរហូតដល់៦០០តោនក្នុងមួយឆ្នាំ ហើយជាមួយនឹងការបើកទីផ្សារប្រទេសចិន ការផលិតស្ករត្នោតនៅកម្ពុជាអាចនឹងកើនលើសពីមួយលានតោនក្នុងមួយឆ្នាំ។

 នៅចំពោះមុខគណៈប្រតិភូ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការកែលម្អលក្ខខ័ណ្ឌការងារ និងសុវត្ថិភាពរបស់អ្នកផលិតបន្ថែមទៀត និងកែលម្អការគ្រប់គ្រងសមាគមស្ករត្នោត ដោយសហការជាមួយក្រសួងកសិកម្ម។ លោកក៏បានគូសបញ្ជាក់ផងដែរថា ការគោរពតាមសៀវភៅបន្ទុកគឺមានសារសំខាន់ណាស់ ដោយហេតុថា ការនាំចេញត្រូវបានភ្ជាប់ទៅនឹងកិច្ចសន្យាដែលមានការទាមទារច្រើន ជាមួយអតិថិជនអន្តរជាតិ។

 លោកឧកញ៉ាឱសថបណ្ឌិតបានថ្លែងអំណរគុណដល់លោកស្រី SUN Meijun និងឯកឧត្តមឌិត ទីណា សម្រាប់ដំណើរទស្សនកិច្ចនេះ ហើយលោកសង្ឃឹមថា ជំនួបនេះនឹងចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសចិន និងកម្ពុជា និងជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកសិចំណីអាហារនៅកម្ពុជា៕